ខេត្តសៀមរាប៖ លោកប្រន ស៊ាន ចាងហ្វាងកាសែត “អាណាចក្រខ្មែរ” ត្រូវបានក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើលបវាយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ខណៈចុះយកព័ត៌មាន នៅភូមិសាស្ត្រ ស្រុកស្វាយលើ។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១២និង៣០នាទី ឈានចូលយប់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២១ ម្ដុំមុខប្រាសាទបេងមាលា ក្នុងឃុំបេងមាលា ស្រុកស្វាយលើ។
អធិការនគរបាលស្រុកស្វាយលើ លោកស៊ុន អេង បានប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះត្រូវបានជនមិនស្គាល់មុខវាយបណ្ដាលឲ្យរបួសយ៉ាងដំណំហើយរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោកថាករណីនេះ អាចជារឿងគំនុំ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីឈានដល់ការឃាត់ខ្លួនជនបង្កផងដែរ។
ជុំវិញអំពើហិង្សានេះ លោក ប្រ៊ន ស៊ាន ចាងហ្វាងសារព័ត៌មាន អាណាចក្រខ្មែរ បានអះអាងថាលោកត្រូវបានក្រុមជនល្មើសរកស៊ីបទល្មើសព្រៃឈើ លបវាយប៉ុនប៉ងមនុស្សឃាតនៅទល់មុខប្រាសាទបឹងមាលា បច្ចុប្បន្តកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។ លោកសង្ឃឹមថាសមត្ថកិច្ចនឹងវែកមុខរកជនទាំងនោះមកផ្តន្ទាទោសតាមច្បាប់។
ទោះជាយ៉ាងណា គ្រួសារជនរងគ្រោះនឹងអ្នកសារព័ត៌មាន ក្នុងខេត្តសៀមរាប ទទូចស្នើដល់អាជ្ញាធរសមត្ថកិច្ច ស្វែងរកចាប់ជនដៃដល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕