ប្រជាពលរដ្ឋសម្តែងការខកចិត្តចំពោះមេឈ្មួញឈ្មោះ ភារ៉ា ប្រើគ្រឿងចក្របូមយកខ្សាច់នៅក្នុងបឹងទឹកជោក្រោមលេសស្តារបឹងធម្មជាតិក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ

ព័ត៌មានជាតិ

ប្រជាពលរដ្ឋសម្តែងការខកចិត្តចំពោះមេឈ្មួញឈ្មោះ ភារ៉ា ប្រើគ្រឿងចក្របូមយកខ្សាច់នៅក្នុងបឹងទឹកជោក្រោមលេសស្តារបឹងធម្មជាតិក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ

ខេត្តកណ្តាល :
ល្បែងបំផុសយកស្នាមមេដៃប្រជាពលរដ្ឋរបស់មន្ត្រីឡេមឡឺម និង មេឈ្មួញខិលខូចមួយចំនួននៅតែមានធ្វើទៅលើប្រជាពលរដ្ឋ ដើម្បីអោយអាជ្ញាធរបើកផ្លូវដាក់គ្រឿងចក្រស្តារបឹងធម្មជាតិ ។ នេះជាទស្សនៈរបស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់រកាខ្ពស់បានលើកឡើង បន្ទាប់ពីបានឃើញសកម្មភាពមេឈ្មួញឈ្មោះ ភារ៉ា បានដាក់គ្រឿងចក្របូមយកខ្សាច់លក់ ផ្ទុយពីគោលបំណងដែលពួកគាត់ចង់បាន ។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ពួកគាត់បាននាំគ្នាផ្តិតមេដៃស្នើសុំស្តារបឹងទឹកជោមានទំហំ៩ហិកតា ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ កាលពីឆ្នាំកន្លងទៅ ប៉ុន្តែរហូតមកដល់ឆ្នាំនេះ ពួកគាត់បានឃើញសកម្មភាពគ្រឿងចក្រហាក់មិនមែនស្តារបឹងអោយប្រាកដប្រជានោះទេ ផ្ទុយទៅវិញនៅពេលថ្មីៗនេះ បែជារៀបចំដាក់ម៉ាស៊ីនបូមយកខ្សាច់លក់ទៅវិញ ។ យោងតាមសម្តីកម្មករនៅការដ្ឋានរបស់ឈ្មួញរូបនេះបាននិយាយអោយដឹងថា ថៅកែរបស់គេទើបតែរៀបចំម៉ាស៊ីនបូមយកខ្សាច់នៅរណ្តៅទី២ក្នុងបឹងទឹកជោ ដោយសាររណ្តៅទី១មិនមានខ្សាច់ល្អ ពោលគឺល្បាយខ្សាច់លាយដី ។

បញ្ហានេះ ប្រជាពលរដ្ឋដែលបានជ្រុលខ្លួនផ្តិតមេដៃលើពាក្យស្នើសុំស្តារបឹងនោះ កំពុងខកចិត្តជាខ្លាំងនៅពេលដែលបានឃើញឈ្មួញឈ្មោះ ភា រ៉ារូបនេះធ្វើសកម្មភាពផ្ទុយពីគោលបំណងដែលពួកគាត់ស្នើសុំនោះ ។

ប្រជាពលរដ្ឋស្នើ ឯកឧត្តម គង់ សោភណ្ឌ អភិបាល ខេត្តកណ្តាល មេត្តាពិនិត្យករណីស្តារបឹងខាងលើ ក្រែងកន្ទេលធំបន្លំដេក ។

Leave a Reply

Your email address will not be published. Required fields are marked *