ពលរដ្ឋបានរុះរើផ្ទះនៅចំណុចដីទំនាស់អូរស្វារអិល បាន70-80 ភាគរយហើយបន្ទាប់ពីអនុវត្តន៍តាមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋភិបាលកម្ពុជា

ព័ត៌មានជាតិ
បន្ទាយមានជ័យ÷ បន្ទាប់ពីមានការសម្របសម្រួល ពីស្ថាប័នពាក់ព័ន្ធ ជាពិសេស អាជ្ញាធរខេត្ត បន្ទាយមានជ័យ គឺឯកឧត្តម ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បានយកចិត្តទុកដាក់ និង អនុវត្តន៍តាមគោលការណ៍ឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ យើងសង្កេតឃើញថា រហូតមកដល់ ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២១ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅលើដីមួយកន្លែងនៅចំណុច ដីអូរស្វារអិល ឋិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែត ដែលមានទំនាស់ជាមួយពលរដ្ឋ១៤គ្រួសារ បានយល់ព្រមធ្វើការដោះ ដូរ និង រុះរើផ្ទះ ព្រមទាំងបានដឹកឥវ៉ាន់ របស់ពួកគាត់ទៅរស់នៅលើដី ដែលអាជ្ញាធរពាក់ព័ន្ធ បានរៀបចំឲ្យពួកគាត់ បានប្រហែល៧០-៨០ ភាគរយហើយ។
សូមបញ្ជាក់ថា ដីដែលបានរៀបចំ តាមគោលនយោបាយឈ្នះៗ និង បានប្រគល់ទៅឲ្យពួកគាត់មានចំងាយពីដីអូរស្វារអិល ប្រហែល ២ ទៅ ៣ គីឡូម៉ែត្រ ឋិតក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ជាប់ព្រំប្រទល់និង ភូមិ ទំនប់ដាច់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺ នៅក្បែរសាលារៀនផងដែរ ។
ក្នុងនោះប្រជាពលរដ្ឋ ដែលបានយល់ព្រមដោះដូរដី និង បញ្ចប់ទំនាស់ទាំងនោះ មានការសប្បាយចិត្តយ៉ាងខ្លាំង ក្រោយទំនាស់ដីធ្លីដីរាំរ៉ៃជិត២០ ឆ្នាំ នៅចំណុចដីអូរស្វារអិល ត្រូវបានបញ្ចប់ ។ ក្នុងនោះទៀតសោត ប្រជាពលរដ្ឋ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរ ខេត្តបន្ទាយមានជ័យ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំង រកដំណោះស្រាយជូនពលរដ្ឋ ជានិច្ចមិនដែលទុកឲ្យពលរដ្ឋ លំបាកឡើយ ហើយពលរដ្ឋក៏បានជូនពរដល់សម្តេចតេជោ ហ៊ុន សែន ឲ្យជួបតែសេចក្តីសុខ និង សុខភាពល្អ ព្រះជន្មាយុយុឺនយូដើម្បីជាម្លប់ដ៏ត្រជាក់សំរាប់កូនចៅបន្តទៀតផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *