រសៀល ថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០

ព័ត៌មានជាតិ

ខ្ញុំបាទ និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោក មួង ដារ៉ា ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង​ជំនួសលោក កាំង លាង ដែលត្រូវទទួលមុខតំណែងថ្មី​ ។

ពិធីប្រកាសនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរមួយចំនួន អភិបាលស្រុក មន្ត្រីរាជការគយ និងរដ្ឋាករ កងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនេះដែរ ខ្ញុំបាទបានថ្លែងផ្តាំផ្ញើថា «ការផ្លាស់ប្តូរ គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ។ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានល្អប្រសើរ និងត្រូវសាមគ្គីភាពផ្ទៃក្នុង ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាន ពិសេសត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យទំនិញ ឆ្លងកាត់ឲ្យបានត្រឹមត្រូវ និងទប់ស្កាត់បទល្មើសគេចពន្ធគ្រប់ប្រភេទផងដែរ» ដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រម ដើម្បីបំពេញការងារគយ និងរដ្ឋាករ ប្រកបដោយប្រសិទ្ធភាព វឌ្ឍនភាព និងការទទួលខុសត្រូវខ្ពស់។

Leave a Reply

Your email address will not be published. Required fields are marked *