ថ្ងៃច័ន្ទ ២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០

ព័ត៌មានជាតិ

ខ្ញុំបាទនិងភរិយា​ ព្រមទាំង​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ រួមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត បានដឹកនាំពុទ្ធបរិស័ទ ជាមន្រ្តីរាជការ អភិបាលក្រុងស្រុកប្រធានមន្ទីរ អង្គភាព និងកងកម្លាំងទាំងបីបានយកនូវទៀនវស្សាបច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន៣៩វត្ត ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន សខេង នៅសាលប្រជុំធំ សាលាខេត្តព្រៃវែង។

ពិធីប្រគេនទៀនព្រះវស្សានេះ បានប្រព្រឹត្តទៅតាមទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយបានធ្វើកិច្ចនមស្សការ ថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀនវស្សា និងគ្រឿងបរិក្ខារ ដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់នៅរដូវចាំព្រះវស្សា ។

សម្ភារ:បរិក្ខាដែលបានប្រគេនជូនវត្តរួមមានទៀនវស្សា០១គូ លៀងចំនួន១ អង្ករ៥០គីឡូក្រាម បាឡុងចំនួន១ ទឹកសុទ្ធ២កេស ទឹកក្រូចកំប៉ុងខ្មៅ ១កេស ទឹកផ្លែឈើ២កេស ស្ករស២៥គីឡូក្រាម ត្រី ខ ចំនួន១កេសធំ មី១កេសធំ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ១យួរ អំបិល១០គីឡូក្រាម ទឹកដោះគោ១កេសធំ បច្ច័យក្នុង១វត្តៗ ចំនួន៥០មុឺនរៀល ។ ក្នុងនោះដែរ អាចារ្យម្នាក់ៗ ទទួល​បាន​ឥវ៉ាន់​មួយកញ្ចប់និង ថវិកាចំនួន១០មុឺនរៀល និង កូនសិស្សលោកម្នាក់ៗ ចំនួន២មុឺនរៀលផងដែរ។

ឆ្លៀតក្នុងឪកាសនេះដែរ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សាឯកឧត្តម លោកជំទាវ លោកឧកញ្ញា លោក លោកស្រី និងសប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានចាប់មគ្គផលធ្វើបុណ្យ សូមទទួលយកនូវផល្លានិសង្ឃតាមសទ្ធារៀងៗខ្លួន និងសូមអោយមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរតរៀងទៅ។

ជាទីបញ្ចប់ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារពិធីការសាលាខេត្តព្រៃវែង និងក្រុមការងារផ្សេងៗទាំងអស់ ដែលបានជួយរៀបចំពិធីនេះឲ្យបានយ៉ារលូនហេីយជោគជ័យ។

Leave a Reply

Your email address will not be published. Required fields are marked *